រឿង​ខ្លី​៖ បេះដូង​មិន​ទាន់​បំពេញ (​គ្រប់​គ្នា​គួរ​អាន ហើយ​ត្រូវ​ចេះ​រក្សា​ផង​)

មាន​បុរស​ម្នាក់​បាន​សុំ​មិត្ត​ស្រី​របស់​គេ​រៀប​ការ​៖

នារី​៖ ប្រាប់​អូន​បាន​ទេ​… តើ​អ្នក​ណា​ដែល​បង ស្រលាញ់​ជាងគេ​នៅ​ក្នុង​លោក​នេះ?

បុរស​៖ ពិត​ណាស់​គឺជា​អូន​!

នារី​៖ តើ​អូន​ជា​អ្វី​សំរាប់​បង?

បុរស​៖ (​គិត​មួយសន្ទុះ​) បុរស​សំលឹង​កែវភ្នែក​នារី​ហើយ​និយាយ​ថា «​អូន​ជា​ផ្នែក​មួយ​ដែល​បេះដូង​ខ្វះ​មិន​បាន​»​។

នាង​ញញឹម​, ហើយ​ក៏​យល់ព្រម​រៀប​ការ​ជាមួយ​បុរស​។

បន្ទាប់​ពី​រៀប​ការ​រួច​, គូ​ស្វាមីភរិយា​មាន​ភាព​ផ្អែមល្ហែម និង មានជីវិត​ដ៏​រីករាយ​មួយ​រយៈពេល​។

ទោះបីជា​យ៉ាងណា​, ប្តី​ប្រពន្ធ​វ័យក្មេង​បាន​ចាប់ផ្តើម​ឃ្លាតឆ្ងាយ​ពី​គ្នា ដោយសារ​តែ​ការ​មមាញឹក​នៃ​ជីវិត និង​ការ​ព្រួយបារម្ភ​មិន​ចេះ​ចប់​នៃ​បញ្ហា​ប្រចាំ​ថ្ងៃ​, ជីវិត​របស់​ពួក​គេ​ក៏​បាន​ប្រែ​ក្លាយជា​ការ​លំបាក​។

បញ្ហា​ដែល​ត្រូវ​ប្រឈម​ទាំងអស់ ដែល​បង្ក​ឡើង​ដោយ​តថភាព​នៃ​ជីវិត បាន​ចាប់ផ្តើម​ធ្វើ​អោយ​ក្តី​សុ​បិ​ន្ត និង​សេចក្តី​ស្រលាញ់​របស់​ពួក​គេ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្នា​។ គូ​ស្វាមីភរិយា​ចាប់ផ្តើម​មាន​ជម្លោះ​កាន់តែ​ច្រើន ហើយ​រាល់​ជម្លោះ​របស់​ពួក​គេ​ម្តង​ៗ​ក៏​បាន​ចាប់ផ្តើម ធ្វើ​អោយ​ទំនាក់ទំនង​របស់​ពួក​គេ​កាន់តែ​អាក្រក់​ទៅ​ៗ​។

ថ្ងៃមួយ​, បន្ទាប់​ពី​ឈ្លោះ​គ្នា​, នារី​ជា​ប្រពន្ធ​បាន​រត់​ចេញពីផ្ទះ​។

នៅ​ត្រើយម្ខាង​នៃ​ផ្លូវ​, នាង​បាន​ស្រែក​យ៉ាង​ខ្លាំង​ថា​, «​បង​មិន​ដែល​ស្រលាញ់​អូន​ទេ​….!!!»

បុរស​ជា​ប្តី​សែនស្អប់​នូវ​ទ​ង្វើ​រ​ដូច​ក្មេង​របស់​នាង ហើយ​ក៏​និយាយ​ចេញ​ទាំង​ខឹង​មក​ថា​,

«​ប្រហែល​ហើយ​, វា​ជា​កំហុស​ដែល​ពួក​យើង​នៅ​ជាមួយ​គ្នា​…!!!» ប្តី​បន្ត​ទៀត​ថា​,«​អូន​មិនមែន​ជា​ផ្នែក​មួយ​បេះដូង​បង​ខ្វះ​នោះ​ទេ​!!!»

ភ្លាម​នោះ​, នាង​ងាក​មក​យ៉ាង​លឿន ហើយ​បាន​ឈរ​នៅ​ទីនោះ​មួយសន្ទុះ​, នាង​ពិតជា​មាន​អារម្មណ៍​ស្តាយ​នូវ​អ្វី​ដែល ប្តី​របស់​នាង​បាន​និយាយ​ខ្លាំង​ណាស់ ប៉ុន្តែ​ពាក្យ​សំដី​ដែល​និយាយ​ចេញ​ហើយ ពិតជា​មិន​អាច​ស្រោចស្រង់​វិញ​បាន​ទេ​។

ជាមួយ​ទឹកភ្នែក​ស្រក់​ចុះ​, នាង​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ ដើម្បី​ប្រមូល​របស់របរ​របស់​នាង មុន​នឹង​ចេញពីផ្ទះ​នាង​បាន​ទុក កូន​សំបុត្រ​មួយ​អោយ​ប្តី​របស់​នាង​, «​បើ​អូន​មិនមែន​ជា​ចំណែក​មួយ​ដែល​បង​ខ្វះ​ទេ​, អ៊ីចឹង​ទុក​អោយ​អូន​ទៅ​រក​អ្នក​ខ្វះ​ចុះ​…. វិធី​មួយ​នេះ​មិនសូវ​ឈឺចាប់​ខ្លាំង​… ទុក​អោយ​ពួក​យើង​ទៅ​តាម​ផ្លូវ​រៀង​ៗ​ខ្លួន ហើយ​ស្វែងរក​ដៃគូ​ដែល​សក្តិ​សម​សំរាប់​ខ្លួនឯង​ចុះ​!!»

៥ ឆ្នាំ​កន្លង​ផុត​ទៅ​…

បុរស​មិន​ដែល​រៀប​ការ​ម្តងទៀត​ឡើយ ប៉ុន្តែ​គាត់​បាន​ព្យាយាម​ស្វែ​ករក ការ​រស់នៅ​របស់​នាង​ដោយ​ប្រយោល​។ នាង​បាន​ចាក់ចេញ​ទៅ​ក្រៅប្រទេស ហើយ​រស់នៅ​ជាមួយនឹង​ក្តី​សុ​បិ​ន្ត​របស់​នាង​។

គាត់​ធ្លាប់​មាន​អារម្មណ៍​ថា​ស្តាយ​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ ប៉ុន្តែ​គាត់​មិន​ដែល​ចង់បាន​នាង​ត្រលប់​មក​វិញ​ទេ​។ នៅ​យប់​ថ្ងៃមួយ ជា​យប់​ដ៏​ឯក​កោរ​បំផុត​, គាត់​អុជ​បារី​របស់​គាត់ ហើយ​មាន​អារម្មណ៍​ថា​ឈឺ​សៀ​ប​ៗ នៅ​ក្នុង​បេះដូង​របស់​គាត់ (​អារម្មណ៍​អ្នក​បែកបាក់​ស្នេហា​)​។ គាត់​មិន​ទទួលស្គាល់​ថា វា​បណ្តាល​មក​ពី​ការ​បាត់បង់​របស់​នាង​នោះ​ទេ​។

ថ្ងៃមួយ​, ពួក​គេ​ជួប​គ្នា​ដោយ​ចៃដន្យ​នៅ​ឯ​ព្រ​លាន​យន្តហោះ​។ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​មុខ​ជំនួញ​។ គាត់​បានឃើញ​នាង​, នាង​ឈរ​នៅ​ទីនោះ​តែ​ម្នាក់ឯង នៅ​ត្រើយម្ខាង​នៃ​ផ្លូវ​។

នាង​ញញឹម​ដាក់​គាត់​យ៉ាង​ស្រទន់​។

បុរស​៖ តើ​អូន​សុខ​សប្បាយ​ជា​ទេ?

នារី​៖ អូន​ធម្មតា​ទេ​, ចុះ​បង​វិញ? តើ​បង​រក​ឃើញ​ចំណែក​ដែល​បេះដូង​ខ្វះ​រឺ​នៅ?

បុរស​៖ នៅទេ​។

នារី​៖ អូន​នឹង​ហោះ​ទៅ New York នៅ​ជើងហោះហើរ​បន្ទាប់​នេះ​។

បុរស​៖ ២ ស​ប្តា​ហ៍​ទៀត​បង​នឹង​ត្រលប់​មក​វិញ​។ ទូរស័ព្ទរ​កបង​ពេល​ដែល​អូន​ត្រលប់​មក​វិញ​។ អូន​ស្គាល់​លេខ​បងហើយ​, លេខ​បង​មិន​ផ្លាស់​ប្តូរ​ទេ​។

ជាមួយនឹង​ស្នាមញញឹម​, នាង​បែក​ក្រោយ ហើយ​លើកដៃ​ជា​សញ្ញា​ថា​លា​ហើយ​។

នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ គាត់​បានលឺ​ដំណឹង​ថា​យន្តហោះ ដែល​ហោះ​ទៅ​ទីក្រុង​ញូ​វ​យ៉​ក់បាន​ធ្លាក់​។ គាត់​ព្យាយាម​ចង់​ដឹង​អំពី​នាង ហើយ​គាត់​ក៏​រក​ឃើញ​ថា​នាង​បាន​ស្លាប់​។

នា​ពាក់កណ្តាល​យប់​… គាត់​អុជ​ភ្លើង​បារី​របស់​គាត់​… គាត់​មាន​អារម្មណ៍​ដូច​មុន​អ៊ីចឹង​, គាត់​មាន​អារម្មណ៍​ឈឺ​ត្រង់​បេះដូង​របស់​គាត់​។ ទីបំផុត​គាត់​ដឹង​ថា​នាង​គឺជា​ចំណែក​ដែល​គាត់​ខ្វះ ហើយ​គាត់​ប្រហែស​ធ្វើ​អោយ​បែក​ខ្ទេចខ្ទី​…!!!

«​ពេល​ខ្លះ​មនុស្ស​យើង​និយាយ​នូវ​ពាក្យ​សំដី ដែល​មិន​គួរ​និយាយ​នៅ​ពេល​យើង​ខឹង​។ យើង​បាន​ធ្វើ​អោយ​មនុស្ស ដែល​យើង​ស្រលាញ់​ខកចិត្ត​នូវ​ពាក្យ​សំដី ដែល​យើង​បាន​និយាយ​ទាំង​កំហឹង​។ មាន​មនុស្ស​ជា​ច្រើន ដែល​កំពុង​ស្តាយក្រោយ​នូវ​អ្វី ដែល​ខ្លួន​បាន​ធ្វើ និង​និយាយ​ទាំង​មិន​បាន​គិត​។ ពេល​ខ្លះ​បេះដូង និង​មាត់​ដើរ​មិន​ស្របគ្នា​នោះ​ទេ​។ មាត់​ប្រឹង​ប្រែ​កែក​ថា​មិនមែន ប៉ុន្តែ​បេះដូង​កំពុង​ទាមទារ​។ ប្រសិនបើ​អ្នករក​ឃើ​ង​ថា នាង​/​គាត់ ជា​ចំណែក​មួយ​ដែល​អ្នក​ខ្វះ​នោះ ចូរ​ស្វះ​ស្វែងរក​ភ្លាម​ៗ​។ ចៀសវាង​ការ​ស្តាយក្រោយ​»៕