គណបក្សប្រជាជន មានស្នាដៃមហាសាល ក្នុងការស្វែងរកសន្តិភាព   

រូបភាបពីដើមអម្ពិល

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងថា គណបក្ស ត្រូវបានប្រជាពលរដ្ឋ កត់សម្គាល់ថា ជាបក្សដែលមានស្នាដៃ មហាសាល ក្នុងការស្វែងរក សន្តិភាព ការពារសន្តិភាព និងខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើន កាន់តែខ្លាំង ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងសារតាម តេឡេក្រាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ ថា “គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជន កត់សម្គាល់ថា ជាគណបក្ស ដែលមានស្នាដៃមហាសាល ក្នុងការស្វែងរកសន្តិភាព ការពារសន្តិភាព ការពារការរស់រាន មានជីវិតរបស់ប្រជាជន ការសុខទុក្ខរបស់ប្រជាជន និងខិតខំកសាង អភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចំរើន លើកកម្ពស់ជីវភាព របស់ប្រជាជន ដោយមិនប្រកាន់ និន្នាកានយោបាយអ្វីឡើយ ” ។
លោកបន្ដទៀតថា ពលរដ្ឋជាម្ចាស់ឆ្នោត កំពុងប្រមើល ទៅលើស្នាដៃ គុណសម្បត្តិ ក៏ដូចជាកម្មវិធី នយោបាយរបស់គណបក្ស នយោបាយប្រកួតប្រជែង ដើម្បីសម្រេចចិត្ត បោះឆ្នោតគាំទ្រគណបក្ស ដែលជាទីសង្ឃឹម ។ លោកថា បក្សប្រជាជន ជាតំណាងភាវៈចិត្តល្អ ដូចទេវតា អ្នកណាក៏អាចរួមរស់ ជាមួយបាន ហេតុនេះ គណបក្សទេវតា មានសង្ឃឹមឈ្នះ លើសលុប មិនអាចប្រកែកបាន ។
លោកបន្ថែមថា គណបក្សប្រឆាំង មិនមានភស្តុតាង បញ្ជាក់ថាមានស្នាដៃអ្វី ដល់តិចតួចអាចឲ្យ ជឿទុកចិត្តបានឡើយ ដែលមិនរំពឹងទៅ អនាគតទាល់តែសោះ មានតែការសន្យា ជាទ្រឹស្តីប៉ុណ្ណោះ ។
លោកអះអាងថា គណបក្សប្រឆាំង បានស្រែកក្អេងក្អាងថាឈ្នះៗនោះ វាគ្រាន់តែជាការកម្លាចិត្តប៉ុណ្ណោះ  គ្មានលទ្ធភាពឈ្នះត្រង់ណាឡើយ ដោយសារអ្នកគាំទ្រ ពីមុនដកថយអស់ ហើយបច្ចុប្បន្ន សមាជិកសកម្ម ក៏បានចាកចេញ ជាហូហែររៀងរាល់ថ្ងៃ  ។
លោកបញ្ជាក់ថា គណបក្សប្រឆាំង និងគណបក្សប្រកួតប្រជែងឯទៀត គ្មានសញ្ញាណាថា អាចឈ្នះឆ្នោតឡើយ កុំសង្ឃឹមឲ្យសោះ ។ សូមរំលឹកថា សព្វថ្ងៃនេះ មានគណបក្ស តូច ធំ បានខំប្រឹងឃោសនាបោះឆ្នោត ដើម្បីរកស្វែងសំឡេង ពីប្រជាពលរដ្ឋ សម្រាប់ដឹកនាំឲ្យ ភូមិ-ឃុំ មានសុវត្ថិភាព ៕